កម្ពុជាសន្តិភាព និងស្ថេរភាព កំពុងអភិវឌ្ឍ

ថ្លែងទៅកាន់ពិធីសម្ពោធវារីអគ្គិសនីស្ទឹងតាតៃ មានអានុភាព ២៤៦ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះ​កុង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងតែនៅក្នុងសន្តិភាព មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។ សម្តេចតេជោ បានអះអាងថា “អ្នកដែលចាត់ទុកថា (កម្ពុជា)កំពុងមានវិបត្តិ គឺ(អ្នក​នោះ​មាន)វិបត្តិផ្ទាល់ខ្លួន។ អ្នក​កំពុងសប្បាយ គឺ​ប្រ​ជា​ពលរដ្ឋមួយប្រទេស។ (ដូចយ៉ាង)កម្មវិធីសម្ពោធ​(នេះ) មិនបានខកខានដោយ​មនុស្សម្នាក់ ឬពីរ​នាក់​ឯ​ណា។” ក្នុងពេលទាញបង្ហាញថា គ្រប់គម្រោងការ​អភិវឌ្ឍតែងតែមានតម្លៃត្រូវបង់ សម្តេចតេជោបានចង្អុល​បង្ហាញ​ហេតុផលថា កម្ពុជាត្រូវការថាមពល​អគ្គិសនី ដើម្បីបង្កើនភាពប្រកួតប្រជែង បង្កើតការងារ និងអភិវឌ្ឍ​សេដ្ឋកិច្ច ទោះបីជាត្រូវបង់ថ្លៃជាការលិចលង់ព្រៃខ្លះ​ក៏ដោយ។ សម្តេចតេជោ បានអំពាវនាវទៅកាន់ដៃ​គូ​អភិវឌ្ឃនានា ពិសេសប្រទេសចិន អោយជួយគាំទ្រខាងទុន​បន្ថែមទៀត សម្រាប់គម្រោងប្រព័ន្ធបែងចែក និងបណ្តាញអគ្គិសនីជាតិ ព្រមជាមួយនឹងការផ្តល់អនុ​សាសន៍ អោយពង្រីកបណ្តាញបែងចែកថាមពល បណ្តាញជាតិ និងបន្ថយថ្លៃប្រើប្រាស់អគ្គិសនី សម្រាប់ អ្នកប្រើប្រាស់ពី ៥០ គីឡូវ៉ាត់ចុះក្រោម៕